ព័ត៌មានអន្តរជាតិ

រុស្ស៊ីប្រារព្ធ ធ្វើសមយុទ្ធយោធា នៅភាគនិរតី ស្របពេលមានភាពតានតឹង រវាងអាស៊ែបៃហ្សង់ និងអាមេនី

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់រដ្ឋមន្ត្រីការពារជាតិ អាស៊ែបៃហ្សង់ នៅពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី នឹងប្រារព្ធសមយុទ្ធយោធា ដើម្បីតេស្តសាកល្បង ការត្រៀមលក្ខណៈប្រយុទ្ធរបស់ខ្លួន ស្របពេលមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងអាស៊ែបៃហ្សង់ និងកងកម្លាំងរបស់អាមេនី។

ក្រសួងការពារជាតិរុស្ស៊ី បានហៅសមយុទ្ធនោះថា ជាការពិនិត្យមើលសមត្ថភាព កងទ័ពតាមធម្មតា ដើម្បីធ្វើឲ្យធានាដល់សន្តិសុខ នៅក្នុងតំបន់ភាគនិរតី នៃប្រទេសរុស្ស៊ី និងបានបដិសេធ ការពាក់ព័ន្ធណាមួយ រវាងការហ្វឹកហាត់និងការប្រយុទ្ធដែលកើតមានឡើង នៅក្នុងតំបន់ Caucasus ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា ទាហានអាមេនី និងអាស៊ែបៃហ្សង់ ក្នុងពេលប៉ុន្មានថ្ងៃថ្មីនេះ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងអតីតសាធារណៈ សហភាពសូវៀតទាំងពីរ ដែលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជុំវិញបញ្ហាការបែកចេញពីអាស៊ែបៃហ្សង់ ជាចម្បងគឺតំបន់ Nagorno-Karabakh ដែលសម្បូរជនជាតិ ភាគតិចអាមេនី៕
ប្រែសម្រួល៖ប៉ាង កុង

To Top