ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុមបាតុករទុកពេលឱ្យ រដ្ឋាភិបាល ២សប្តាហ៍, បើសិនមិនឆ្លើយតប នឹងការទាមទារ ពួកគេពង្រឹងចលនានេះឱ្យកាន់តែខ្លាំងឡើង

បរទេស៖ សម្ព័ន្ធនិស្សិតនៃប្រទេសថៃ និងក្រុមយុវជនសេរី បានប្រមូលផ្តុំគ្នានៅវិមានប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងរដ្ឋាភិបាលដោយគំរាមបង្កើនការតវ៉ារបស់ពួកគេ ខណៈដែលប៉ូលីសបាននិយាយថា ពួកគេមិនបានស្នើសុំការអនុញ្ញាតឱ្យធ្វើបាតុកម្ម។ 

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា នៅក្រោមផ្ទាំងបដានៃ“ យើងនឹងលែងអត់ធ្មត់ទៀតហើយ” ការជួបជុំនេះត្រូវបានចូលរួមដោយនិស្សិតមកពីស្ថាប័នជាច្រើន។ Parit Chiwarak, aka Penguin ដែលជានិស្សិតសកលវិទ្យាល័យ Thammasat និងជាសកម្មជននយោបាយគឺជាមេដឹកនាំបាតុកម្ម។ 

ក្រុមបាតុករបានថ្លែងសុន្ទរកថា បង្ហាញពីការមើលស្រាលចំពោះការងាររបស់រដ្ឋាភិបាលដែលរួមមានទាំងការអំពាវនាវឱ្យលុបចោលក្រឹត្យបន្ទាន់ក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ក្រុមយុវជនសេរីបានទាមទារ ឲ្យ រដ្ឋាភិបាលរំលាយសភាជាបន្ទាន់ដោយសារការបរាជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និង បញ្ឈប់ការគំរាមកំហែងដល់ប្រជាជនដោយអនុវត្តច្បាប់និងប្រើប្រាស់ហេតុផលសន្តិសុខ ដើម្បីបំបិទសំឡេងពួកគេ។ 

ក្រុមនេះក៏បានទាមទារឱ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ។ ប្រសិនបើរដ្ឋាភិបាលមិនឆ្លើយតបនឹងការទាមទារក្នុងរយៈពេលពីរសប្តាហ៍នោះទេ ក្រុមនេះបាននិយាយថា ខ្លួននឹងពង្រឹងចលនានេះឱ្យកាន់តែខ្លាំងឡើង៕

ប្រែសម្រួលៈ ណៃតុលា

To Top