ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ កើនឡើងលើសពី៧,៨ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ថ្មីចំនួន៩២១នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបបានកើនឡើងដល់៧៨.៧៧២នាក់ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកឆ្លងជំងឺថ្មីចំនួន២៨.៥៣២នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបនៅទូទាំងប្រទេសកើនដល់២.០៧៤.៨៦០នាក់ ។

រដ្ឋនៅភាគអាគ្នេយ៏ប្រទេស គឺក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេរបស់ប្រទេសនះ បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺដល់ទៅ៤១២.០២៧នាក់ និងមានអ្នកស្លាប់ចំនួន១៩.៦៤៧នាក់ បន្ទាប់មកទៀតមាន ក្រុងរីយ៉ូឌឺចាណេរ៉ូ មានអ្នកឆ្លងជំងឺ១៣៤.៤៤៩នាក់ និងមានអ្នកស្លាប់ចំនួន១១.៧៥៧នាក់ ។

ប្រទេសប្រេស៊ីល ត្រូវបានគេដឹងថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយជំងឺឆ្លង ហើយជាប្រទេសជាប់លំដាប់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាំងចំនួនអ្នកស្លាប់ និងអ្នកឆ្លងជំងឺ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top