បរទេស៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅទីក្រុងឡុងដ៍ បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសចិននឹងឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ការប៉ុនប៉ង របស់អង់គ្លេសដាក់ទណ្ឌកម្ម លើមន្ត្រីចិន ក្រោយពីមានការដាក់ចេញ ច្បាប់សន្តិសុខនៅហុងកុង។
នៅដើមខែនេះ ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានដាក់ចេញនូវទណ្ឌកម្មថ្មីមួយ ផ្តោតគោលដៅលើបុគ្គល ដែលខ្លួននិយាយថា មានជាប់ពាក់ព័ន្ធក្នុងការ រំលោភបំពានសិទ្ធិមនុស្ស ឬក៏អំពើឧក្រិដ្ឋកម្មដែលរៀបចំទុកជាមុន ហើយសមាជិករដ្ឋសភាខ្លះ នៅក្នុងគណបក្សរបស់ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា ទណ្ឌកម្មគួរតែត្រូវបានប្រើប្រាស់ ផ្តោតលើមន្ត្រីចិន។
យោងតាមប្រភពព័ត៌មានពីកាសែត Us News បានឲ្យដឹងថា លោក Liu Xiaoming បាននិយាយប្រាប់ថា “ប្រសិនបើរដ្ឋាភិបាល របស់ចក្រភពអង់គ្លេស បន្តឆ្ពោះទៅដាក់ទណ្ឌកម្មលើបុគ្គល ណាមួយក្នុងប្រទេសចិននោះ ប្រទេសចិន នឹងពិតជាធ្វើការឆ្លើយតបវិញ យ៉ាងម៉ត់ចត់ចំពោះវា” ៕
ប្រែសម្រួល៖ ប៉ាង កុង