បរទេស៖ ក្រុមនិស្សិត សកម្មជន និងប្រជាជនថៃសាមញ្ញ បានធ្វើបាតុកម្មនៅឈៀងម៉ៃ នៅថ្ងៃអាទិត្យដើម្បីទាមទារ ឱ្យបណ្តេញលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋាភិបាលរបស់ លោកចេញពីតំណែង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងទៀតថា ការធ្វើបាតុកម្មតូចជាងនេះ ត្រូវបានធ្វើឡើងនៅខេត្ត អ៊ូប៊ុនរតថានី ដោយមានការទាមទារដូចគ្នា ដោយក្រុមយុវជនសេរីចូលរួម ក្នុងការប្រមូលផ្ដុំដោយសន្តិភាពទាំងពីរ។
Tha Phae Gate ដែលជាទីតាំងសម្គាល់មួយ នៅភាគខាងជើងទីក្រុងត្រូវ បានហ៊ុព័ទ្ធដោយក្រុមអ្នកតវ៉ា ដែលបានផ្តល់រូបសញ្ញាម្រាមដៃបី និងបង្ហាញផ្ទាំងបដាក្រដាស ដែលជំរុញឱ្យឧត្តមសេនីយ៍ ប្រាយុទ្ធ និងរដ្ឋាភិបាលរបស់លោក ចុះចេញពីតំណែង។ ពួកគេក៏បានអំពាវនាវ ឱ្យមានការរំលាយសភា និងពង្រាងរដ្ឋធម្មនុញ្ញថ្មី។
ប៉ូលីសនៅកន្លែងនោះ បានជំរុញឱ្យពួកគេបញ្ឈប់ ការប្រមូលផ្តុំគ្នាដោយនិយាយថា ទាំងនេះវាបានរំលោភ លើក្រឹត្យគ្រាអាសន្នហើយ អាចបណ្តាលឱ្យមានរលកថ្មី នៃការចម្លងវីរុសកូរ៉ូណា។
លោក Jatuporn Prompan ប្រធានក្រុមរណសិរ្សរួបរួម ដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងរបបផ្តាច់ការ នៅថ្ងៃអាទិត្យបានផ្ញើសារ ទៅក្រុមអ្នកតវ៉ាដោយនិយាយថា ពួកគេគួរតែធ្វើការទាមទារឱ្យបានខ្លាំងក្លា និងច្បាស់ៗ។ សេចក្តីថ្លែងការណ៍របស់ពួកគេ អំពាវនាវឱ្យឧត្តមសេនីយ៍ ប្រាយុទ្ធរំលាយសភា បញ្ចប់ការបំភិតបំភ័យប្រជាពលរដ្ឋ និងធ្វើពង្រាងធម្មនុញ្ញថ្មី ៕
ប្រែសម្រួលៈ ណៃ តុលា