បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានធ្វើយុទ្ធនាការលាបពណ៌សកល បន្ទាប់ពីជនជាតិចិនត្រូវបានចោទ ប្រកាន់ពីបទលួច ចូលក្រុមហ៊ុនបរទេស តាមប្រព័ន្ធអ៊ិនធ័រណិត ដែលធ្វើការស្រាវជ្រាវ វ៉ាក់សាំងជំងឺកូវីដ១៩ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការ បរទេសចិនលោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ការនិយាយមូល បង្កាច់ និងបង្ខូចប្រទេសចិនជាបន្ទាន់ ទៅលើបញ្ហាសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិត។
រដ្ឋាភិបាលចិនគឺជាអ្នកការពារសន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណិតយ៉ាងម៉ឺងម៉ាត់ ហើយតែងតែប្រឆាំង និងបង្ក្រាបរាល់ការ វាយប្រហារតាមអ៊ីនធឺណេត និងបទឧក្រិដ្ឋ តាមប្រព័ន្ធអ៊ីនធឺណិត គ្រប់រូបភាព។
លោក Wang បានបន្ថែមថា “ លំហអាកាសតាមអ៊ិនធរណេត មិនត្រូវក្លាយជាសមរភូមិថ្មីទេ” ពីព្រោះការថែរក្សា“ សន្តិភាពនិងស្ថិរភាព” នៅក្នុងពិភពអ៊ិនធ័រណែតគឺជាផលប្រយោជន៍រួម របស់ប្រទេសទាំងអស់។
សូមជម្រាបថា មុននេះក្រសួងយុត្តិធម៌ អាមេរិក បានចោទប្រកាន់ ជនជាតិចិនពីរនាក់ ដែលបានដាក់គោលដៅ ទៅលើក្រុមហ៊ុននានា នៅជុំវិញពិភពលោករួមមានក្រុមហ៊ុន ជីវបច្ចេកវិទ្យានៅរដ្ឋ Maryland រដ្ឋ Massachusetts និងរដ្ឋ California ដែលកំពុងធ្វើការស្រាវជ្រាវទាក់ទងទៅ នឹងវ៉ាក់សាំង ការពារជំងឺឆ្លងកូរ៉ូណា ៕
ប្រែសម្រួលៈ ណៃ តុលា