ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី ធ្វើតេស្តរកវីរុសកូរ៉ូណា លទ្ធផលអវិជ្ជមាន

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ថា មន្ត្រីមួយរូបបានបញ្ជាក់ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានចូលរួមធ្វើតេស្តរកមើលមេរោគបង្កជំងឺកូវីដ១៩ ជាលទ្ធផលមានភាពអវិជ្ជមាន ។

លោក Heru Budi Hartono លេខាធិការរបស់ប្រធានាធិបតីបានថ្លែងប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅថ្ងៃសៅរ៍នេះថា “លទ្ធផលគឺល្អ ។ អរគុណព្រះជាម្ចាស់ ប្រធានាធិបតីមានសុខភាពល្អបរិបូរណ៍” ។

ប្រធានាធិបតីឥណ្ឌូនេស៊ី បានធ្វើតេស្តកាលពីរសៀលថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំជាមួយ លោក Achmad Purnomo អភិបាលរងក្រុង Solo នៅជ្វាកណ្តាល កាលពីថ្ងៃព្រហស្បតិ៍ ។

លោក Achmad Purnomo បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា គាត់ធ្លាប់បានធ្វើតេស្តរកមេរោគកូវីដ១៩ គឺមានលទ្ធផលវិជ្ជមាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top