បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញនូវសេចក្តីប្រកាសមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ក្រសួងការបរទេសអាមេរិក នាពេលថ្មីៗនេះ បានអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងទឹកប្រាក់៦៣៤,៧លានដុល្លារ សម្រាប់ការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16។
យោងតាមទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ រដ្ឋាភិបាលរបស់ប្រទេសឈីលី បានស្នើទិញសម្ភារៈនិងសេវាកម្ម សម្រាប់ការធ្វើទំនើបកម្មយន្តហោះចម្បាំង F-16 ដែលរួមមានទាំងប្រព័ន្ធភ្ជាប់មួកសុវត្ថិភាពចំនួន១៩ ប្រព័ន្ធ 44 LN-260 Embedded GPS/INS និងវិទ្យុយុទ្ធសាស្ត្រភ្ជាប់ប្រព័ន្ធចែកចាយព័ត៌មានពហុតួនាទីចំនួន៤៩។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ថវិកាលើគ្រឿងផ្គុំគ្រាប់បែក ឧបករណ៍ទំនាក់ទំនងសន្តិសុខ និងឧបករណ៍ប្រាប់ទិសដៅជាក់លាក់ ក៏ដូចជាវិស្វកម្មនិងការគាំទ្រផ្នែកដឹកជញ្ជូនផងដែរ៕