បរទេស៖ មន្ត្រីនាំពាក្យរបស់ យោធាអ៊ីស្រាអែលមួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា កូនដ្រូនមួយគ្រឿងរបស់ ប្រទេសអ៊ីស្រាអែល បានធ្លាក់នៅក្នុងប្រទេសលីបង់ នៅក្នុងអំឡុងពេលកំពុងតែធ្វើ សកម្មភាពប្រតិបត្តិការនៅតាមព្រំដែន។
មន្ត្រីនាំពាក្យរូបនោះ បាននិយាយបន្តទៀតដូច្នេះថា “មិនមានក្តីព្រួយបារម្ភថា មានព័ត៌មានណាមួយ នឹងបែកធ្លាយនោះទេ”។ ចំណែកកាសែតអ៊ីស្រាអែល Channel 12 បានរាយការណ៍ប្រាប់ថា កូនដ្រូននោះបានធ្លាក់ ក្រោយពេលវាជួបបញ្ហា កំហុសបច្ចេកទេស។
គួរបញ្ជាក់ថា ភាពតានតឹង បានកើនឡើងនៅតាមព្រំដែន ប្រទេសអ៊ីស្រាអែលជាប់ នឹងប្រទេសស៊ីរី និងប្រទេសលីបង់ នៅក្នុងសប្ដាហ៍នេះ ក្រោយពេលដែលកងកម្លាំង ប្រយុទ្ធមួយរូប មកពីក្រុមហេស៍ប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍ វាយប្រហាររបស់អ៊ីស្រាអែល នៅជាយទីក្រុងដាម៉ាស់ ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបង្កើនកងកម្លាំងរបស់ខ្លួន នៅតាមព្រំដែនភាគខាងជើង ៕
ប្រែសម្រួល៖ ប៉ាង កុង
