ព័ត៌មានអន្តរជាតិ

វៀតណាម ព្រមព្រៀងខ្ចីជប៉ុន ជាង៣០០លានដុល្លារ ដើម្បីទិញនាវា ល្បាត៦គ្រឿង

បរទេស ៖ ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន ខ្ចីប្រាក់៣៤៨,២ លានដុល្លារ សម្រាប់កសាងនាវាល្បាត ចំនួន៦គ្រឿង ស្របពេលមានភាពតានតឹង កើនឡើង នៅដែនសមុទ្រចិនខាងត្បូង ។

កាសែត Nhan Dan បានរាយការណ៍ថា នាវាដែលនឹងត្រូវបញ្ជូន ទៅឲ្យកងកម្លាំងការពារតំបន់ឆ្នេរ របស់ប្រទេសវៀតណាម នៅត្រឹមខែតុលា ឆ្នាំ២០២៥នោះ នឹងជំរុញបង្កើនសមត្ថភាព ដែនសមុទ្ររបស់ប្រទេស ប៉ុន្តែកាសែតនេះ មិនបានផ្តល់សេចក្តីលម្អិត អំពីនាវា ដែលនឹងត្រូវធ្វើនោះទេ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម និងប្រទេសនៅតំបន់អាស៊ីផ្សេងទៀត អស់រយៈពេលជាច្រើនឆ្នាំមកហើយ បានជាប់គាំងក្នុងជម្លោះដែនសមុទ្រ នៅសមុទ្រចិនខាងត្បូង គឺប្រទេសចិនបានអះអាង កម្មសិទ្ធិ៩០ភាគរយ លើដែនទឹកដែលសម្បូរ ដោយរ៉ែនោះ ប៉ុន្តែប្រទេសព្រុយនេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងប្រទេសវៀតណាម ក៏អះអាងកម្មសិទ្ធិលើផ្នែកខ្លះ នៃដែនសមុទ្រចិនខាងត្បូងនោះដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top