ព័ត៌មានអន្តរជាតិ

អាមេរិក នឹងវាយតម្លៃការឆ្លើយតប ចំពោះការទិញ ប្រព័ន្ធអាវុធរុស្ស៊ីរបស់តួកគី

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នឹងបន្តធ្វើការវាយតម្លៃពីវិធី ដែលខ្លួននឹងធ្វើការឆ្លើយតប ចំពោះការដែលតួកគី ទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400។

ស្ថិតក្រោមការមានមន្ទិលសង្ស័យ ពីសមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob Menendez នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ ទំនាក់ទំនងអន្តរជាតិព្រឹទ្ធសភា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍ថា “យើងបន្តធ្វើការវាយតម្លៃ ពីវិធីដាក់ទណ្ឌកម្ម ក្នុងគោលបំណងឲ្យសម្រេចបាន នូវគោលដៅចុងក្រោយរបស់យើង”។

គួរបញ្ជាក់ថា ប្រទេសតួកគី ធ្លាប់បានចុះហត្ថលេខា ទិញយកយន្តហោះចម្បាំង សហរដ្ឋអាមេរិក F-35 រហូតដល់ទៅ១០០គ្រឿង និងបានធ្វើការវិនិយោគដ៏ធំ ក្នុងកម្មវិធីយន្តហោះចម្បាំងជំនាន់ថ្មីនោះ ប៉ុន្តែក្រោយពីទិញ ប្រព័ន្ធការពារពីរុស្ស៊ីនេះ ទីក្រុងវ៉ាស៊ីនតោន បានលុបចោលឈប់ លក់យន្តហោះចម្បាំង F-35 ឲ្យ ដោយនិយាយថា ប្រព័ន្ធ S-400 គឺមិនត្រូវគ្នាជាមួយ ប្រព័ន្ធអាវុធរបស់ណាតូ៕ ប្រែសម្រួល៖ប៉ាង កុង

To Top