ព័ត៌មានអន្តរជាតិ

ស្ថានទូតចិន រិះគន់អាល្លឺម៉ង់ ជុំវិញការបញ្ឈប់សន្ធិសញ្ញា ធ្វើបត្យាប័នជាមួយហុងកុង

បរទេស៖ ស្ថានទូតចិនប្រចំានៅអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានថ្កោលទោសការពបញ្ឈប់សន្ធិសញ្ញាបត្យាប័នរបស់ទីក្រុងប៊ែកឡាំង ជាមួយទីក្រុងហុងកុង ហើយជាទង្វើមួយដែលប្រទេសអាល្លឺម៉ង់និយាយថា ជាការឆ្លើយតបមួយ ចំពោះការផ្អាកការបោះឆ្នោតនៅក្នុងទីក្រុងហុងកុង។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័រខ្លួន ចេញកាលពីថ្ងៃសុក្រ ស្ថានទូតរបស់ប្រទេសចិនបាននិយាយថា ការបញ្ឈប់សន្ធិសញ្ញានេះ បានបំពានដល់ច្បាប់អន្តរជាតិ និងទំនៀមមូលដ្ឋាននៃចំណងមិត្តភាពអន្តរជាតិ និងជាការជ្រៀតជ្រែកជាមួយកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ 

ស្ថានទូតចិនបានបង្ហាញនូវការមិនពេញចិត្តជាខ្លាំង និងជំទាស់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងបាននិយាយទៀតថា ប្រទេសចិនរក្សាសិទ្ធិឆ្លើយតប ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។ 

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៊ែកឡាំងនឹងបញ្ឈប់កិច្ចព្រមព្រៀងធ្វើបត្យាប័នរបស់ខ្លួន ជាមួយទីក្រុងហុងកុង បន្ទាប់ពីមេដឹកនាំហុងកុង លោកស្រី Carrie Lam បានពន្យាពេលការបោះឆ្នោតថ្ងៃទី០៦ ខែកញ្ញា៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top