ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍ ខុសច្បាប់ប្រមាណជាង ២០០នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីដែនទឹកដោយក្រុមឆ្មាំ សមុទ្រនៅលីប៊ី

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងកាលពីថ្ងៃសៅ៍ថា មានជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង ២០០នាក់ ត្រូវបានជួយសង្គ្រោះ ដោយក្រុមឆ្មាំសមុទ្រឆ្នេរសមុទ្រខាងកើត នៃប្រទេសលីប៊ីនៅក្នុងរយៈពេល ២៤ម៉ោង ។

អង្គការ IOM បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “ជនអន្តោប្រវេសន៍ជាង ២០០នាក់ បានវិលមកកាន់ឆ្នេរខ្សាច់លីប៊ីវិញ ក្នុងរយៈពេល ២៤ម៉ោង ។ បុគ្គលិករបស់អង្គការ IOM ដែលជាអ្នកផ្តល់របាយការណ៍ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ ១០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឯសមុទ្រ” ។

លីប៊ី បានធ្លាប់រងនូវភាពអសន្តិសុខ និងចលាចល ចាប់តាំងពីដួលរលំមេដឹកនាំ Muammar Gaddafi នៅក្នុងឆ្នាំ២០១១ ដែលធ្វើឲ្យប្រទេស នៅអាហ្វ្រិកខាងជើងមួយនេះ មានជនអន្តោប្រវេសន៍ ខុសច្បាប់រាប់ពាន់នាក់ បានព្យាយមឆ្លងទៅកាន់តំបន់អឺរ៉ុប ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top