ព័ត៌មានអន្តរជាតិ

ម៉ុងហ្គោលី ធ្វើមាតុភូមិនិវត្តពលរដ្ឋចំនួន ២៦០នាក់ តាមជើងហោះហើរពីកូរ៉េខាងត្បូង

ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា គណៈកម្មាធិការរដ្ឋសង្គ្រោះបន្ទាន់ (SEC)របស់ប្រទេសម៉ុងហ្គោលី បានឲ្យដឹងថា ប្រទេសម៉ុងហ្គោលី បានធ្វើមាតុភូមិនិវត្តចំនួន ២៦០នាក់ តាមជើងហោះហើរមកពី ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ ។

គណៈកម្មាធិការបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយ នៅថ្ងៃអាទិត្យនេះថា ជើងយន្តហោះទៅមក ក្រុងសេអ៊ូល-អ៊ូឡង់ បាទ័រ បានធ្វើការចុះចតនៅឯ ព្រលានយន្តហោះអន្តរជាតិ Buyant-Ukhaa International Airport កាលពីល្ងាចថ្ងៃសៅរ៍ ។

អ្នកដំណើរទាំងឡាយដែល បានធ្វើមាតុភូមិនិវត្ត ក្នុងនោះរាប់ទាំង ក្រុមស្ត្រីមានគត៌ មនុស្សវ័យចំណាស់ កុមារ ជនពិការ អ្នកជំងឺ និងអ្នកដែលមាន បញ្ហាខ្វះខាតលុយកាក់ ឬបញ្ហាផ្សេងៗ ។ គណៈកម្មាធិការបានឲ្យដឹងដូច្នេះ ។ គណៈកម្មាធិការនេះបានឲ្យដឹងទៀតថា ពួកគេនឹងត្រូវដាក់ឲ្យនៅ ដាច់ដោយឡែកពីគេ នៅកន្លែងស្នាក់នៅដើម្បី តាមដានរយៈពេល២១ថ្ងៃ ។

ម៉ុងហ្គោលី ត្រូវបានគេរំពឹងថា នឹងបញ្ជូនយន្តហោះតិចបំផុតចំនួន ១៤គ្រឿង ដែលជាយន្តហោះពិសេស សម្រាប់ដឹកពលរដ្ឋនៅក្នុងប្រទេស កំពុងរង់គ្រោះខ្លាំងដោយជំងឺកូវីដ១៩ ដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ឥណ្ឌា សាធារណរដ្ឋឆេក តួកគី និងអូស្ត្រាលី ដោយខែនេះ នឹងត្រូវធ្វើមាតុភូមិនិវត្តពលរដ្ឋប្រមាណជាង ៣.៤០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top