បរទេស៖ សហភាពអារ៉ាប់រួម នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានប្រកាសថា ខ្លួនទើបបានចាប់ផ្តើម ធ្វើប្រតិបត្តិការ នៅរ៉េអាក់ទ័រដំបូងមួយ ក្នុងចំណោមរ៉េអាក់ទ័រ៤ នៅស្ថានីយថាមពលនុយក្លេអ៊ែ Barakah ដែលគេនិយាយថា ជារោងចក្រថាមពល នុយក្លេអ៊ែទីមួយ នៅក្នុងពិភពលោកអារ៉ាប់។
ក្រុមហ៊ុនសាជីវកម្ម ថាមពលនុយក្លេអ៊ែ សហភាពរ៉ាប់រួម ដែលកំពុងតែកសាង និងដំណើរការរោងចក្រ ជាមួយក្រុមហ៊ុន សាជីវកម្មថាមពលអគ្គិសនីកូរ៉េ នៅក្នុងតំបន់អាល់ហ្វាដារ៉ា នៃទីក្រុងអាប៊ូដាប៊ី បានបោះពុម្ពផ្សាយ សេចក្តីប្រកាសព័ត៌មានមួយ ដែលនិយាយថា ក្រុមទីមួយ របស់រោងចក្រ បានចាប់ផ្តើមយ៉ាងជោគជ័យ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សេចក្តីប្រកាសព័ត៌មាននោះ បាននិយាយប្រាប់ដូច្នេះថា “ការចាប់ផ្តើមនៃក្រុមទីមួយនេះ គឺជាលើកដំបូង ដែលរ៉េអាក់ទ័របញ្ចេញ បានយ៉ាងសុវត្ថិភាព នូវកម្តៅ ដែលប្រើសម្រាប់បង្កើតចំហាយ បង្វិលទួរប៊ីនផលិតអគ្គិសនី”៕ ប្រែសម្រួល៖ប៉ាង កុង