ព័ត៌មានអន្តរជាតិ

Pompeo ព្រមានថា លោកត្រាំនឹងមិនចប់ត្រឹមតែ Tik Tok នោះទេ ចំពោះគ្រប់ក្រុមហ៊ុនចិនទាំងអស់

បរទេស៖ យោងតាមការចេញផ្សាយ របស់វេបសាយ Market Watch លោករដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo កាលពីថ្ងៃអាទិត្យ បាននិយាយ ថាប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងចាត់វិធានការ លើអ្វីដែលលោកមើលឃើញថា ជាហានិភ័យចំពោះសន្តិសុខជាតិ ឲ្យកាន់តែខ្លាំងក្លាជាងនេះ ជាពិសេសចំពោះ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយណា ដែលមានទំនាក់ទំនង ជាមួយនឹងរដ្ឋាភិបាល នៃគណបក្សកុម្មុយនីស្តចិន។

ការលើកឡើង របស់លោករដ្ឋមន្ត្រីការបរទេសរូបនេះ ត្រូវបានគេមើលឃើញដែរថា ធ្វើឡើងនៅក្រោយពេល ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសទុកពេលឲ្យ ៤៥ថ្ងៃប៉ុណ្ណោះ សម្រាប់ Tik Tok ដែលជាកម្មវិធីយក្សរបស់ចិន​ ក្នុងការសម្រេចចិត្តលក់ហ៊ុនទាំងអស់ ឲ្យក្រុមហ៊ុន Microsoft ឬក៏សុខចិត្ត បិទទីផ្សារទាំងស្រុងរបស់ខ្លួន នៅអាមេរិកតែម្តង។

លោក Pompeo បានបន្តព្រមានបន្ថែមទៀត ទៅរាល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ជាច្រើនទៀតផងដែរ មិនត្រឹមតែ Tik Tok ប៉ុណ្ណោះទេ ជាពិសេសក្រុមហ៊ុនទាំងឡាយណា ដែលនឹងប្រើប្រាស់បច្ចេកវិទ្យា លួចយកទិន្នន័យនៃអ្នកប្រើប្រាស់ ទៅប្រគល់ឲ្យរដ្ឋាភិបាលចិនតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

To Top