ព័ត៌មានអន្តរជាតិ

មេរោគកូវីដ១៩ បានចាក់ចូលរោងចក្រ ដែលមានកម្មកររាប់ម៉ឺននាក់ នៅកណ្តាលទីក្រុង ដាណាង របស់វៀតណាម

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ការផ្ទុះឡើងនូវមេរោគឆ្លងកូវីដ១៩ថ្មីមួយ ដែលបានចាប់ផ្តើម នៅក្នុងទីក្រុងដាណាង ប្រទេសវៀតណាម កាលពីជាងមួយសប្តាហ៍មុន បានរីករាលដាលដល់ក្នុងទីក្រុង ដែលប្រមូលផ្តុំដោយរោងចក្រយ៉ាង ហោចណាស់ចំនួន ៤ ដែលមានកម្លាំងពលកម្មប្រហែល ៣ ៧០០ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Lao Dong បានផ្សាយថា មានករណីចំនួន ៤ ត្រូវបានគេរកឃើញនៅឯរោងចក្រនានា ក្នុងសួនឧស្សាហកម្មផ្សេងៗគ្នាក្នុងទីក្រុងដែលផ្តល់ការងារដល់មនុស្ស ៧៧ ០០០ នាក់។

ប្រទេសវៀតណាម ត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះវិធានការសំរេចចិត្តរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះចាប់តាំងពីវា (មេរោគកូវីដ១៩) បានបង្ហាញខ្លួនជាលើកដំបូង នៅចុងខែមករានេះ។

កាលពីថ្ងៃច័ន្ទអាជ្ញាធរបានរាយការណ៍ ករណីថ្មីមួយដែលទាក់ទងទៅ នឹងទីក្រុងដាណាង ដែលជាកន្លែងដ៏ពេញនិយមនៃវិស័យទេសចរណ៍ ដែលករណីនេះត្រូវបានគេរកឃើញនៅថ្ងៃទី ២៤ ខែកក្កដា ដែលជាករណីឆ្លងដំបូងបង្អស់ នៅក្នុងសហគមន៍ នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ១០០ ថ្ងៃ។

ប្រភពនៃការផ្ទុះជំងឺនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែវាបានរាលដាលដល់កន្លែងផ្សេងៗគ្នាយ៉ាងហោចណាស់ ១០ កន្លែង រួមមានរដ្ឋធានីហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញ ឆ្លងដល់មនុស្ស ១៧៤ នាក់និងសម្លាប់មនុស្ស ៦ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top