ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យចិន ជំរុញឱ្យអាមេរិក មិនគួរបើកប្រអប់ Pandora ដោយការទាមទារឱ្យចិនលក់ កម្មវិធី TikTok ឱ្យក្រុមហ៊ុន អាមេរិកនោះទេ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិនលោក Wang Wenbin បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានទទូចដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យចៀសវាងពីការធ្វើជាឧទាហរណ៍មួយដែលប្រទេសដទៃទៀត អាចធ្វើតាម ដោយធ្វើបាបប្រឆាំងនឹងអាជីវកម្មរបស់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោនទាមទារឱ្យលក់កម្មវិធីវីដេអូ TikTok ទៅឱ្យសាជីវកម្មអាមេរិកព្រោះថា សហរដ្ឋអាមេរិក អាចនឹងរងគ្រោះដល់កាលៈទេសៈស្រដៀងគ្នានេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Wang នៅឯសន្និសីទកាសែតមួយថា “បន្ទាប់ពីតក្កវិជ្ជាដែលមិនត្រឹមត្រូវរបស់សហរដ្ឋអាមេរិកប្រទេសណាមួយអាចចាត់វិធានការស្រដៀងគ្នានឹងក្រុមហ៊ុនអាមេរិកណាមួយ ក្រោមលេសនៃការការពារសន្តិសុខជាតិ។ សហរដ្ឋអាមេរិកមិនគួរបើកប្រអប់ Pandoraទេ បើមិនដូច្នេះទេពួកគេនឹងទទួលបានផ្លែល្វីងដោយខ្លួនឯង” ។ ។

អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនយកចិត្តទុកដាក់ដល់សហគមន៍អន្តរជាតិ និងសាធារណជនអាមេរិក និងកុំធ្វើនយោបាយបែបសេដ្ឋកិច្ច ប៉ុន្តែត្រូវផ្តល់បរិយាកាសបើកចំហរ និងមិនរើសអើងការវិនិយោគសេរី និងបរិយាកាសធុរកិច្ចសម្រាប់ក្រុមហ៊ុន។

សូមជម្រាបថា កាលពីថ្ងៃច័ន្ទលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯសេតវិមានថា លោកបានកំណត់យកថ្ងៃទី ១៥ ខែកញ្ញាជាថ្ងៃផុតកំណត់សម្រាប់កម្មវិធីថតវីដេអូ TikTok ដែលនឹងត្រូវទិញដោយក្រុមហ៊ុនអាមេរិកដូចជាក្រុមហ៊ុន Microsoft ឬបិទកម្មវិធីនេះចោល៕ប្រែសម្រួលៈ ណៃ តុលា

To Top