ព័ត៌មានអន្តរជាតិ

វៀតណាម៖ ប្រជាជន ៦-៧ម៉ឺនាក់ នឹងបាត់បង់ការងាររាល់ខែ រហូតដល់បំណាច់ឆ្នាំនេះ ខណៈនៅឆមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន ២៩.០០០ បានផ្អាកប្រតិបត្តិការ

បរទេស៖ រដ្ឋាភិបាលវៀតណាមបាននិយាយថា សេដ្ឋកិច្ចមិនទាន់ងើបឡើងវិញ ពីផលប៉ះពាល់ដោយសាររលកទី១ នៃមេរោគកូវីដ១៩ ចំណែករលកទី ២ ក៏មិនមានផលល្អ សម្រាប់ការងារនោះទេ បើតាមការព្យាករណ៍។ យោងតាមការិយាល័យស្ថិតិទូទៅ អត្រាគ្មានការងារធ្វើ នៅទីក្រុងក្នុងត្រីមាសទី ២ មានអត្រាខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំគឺ ៤,៤៦ ភាគរយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អត្រាគ្មានការងារធ្វើនេះ វាបានកើនឡើង ១,២៨ ពិន្ទុភាគរយពីត្រីមាសមុន និង ១,៣ ភាគរយពិន្ទុពីមួយឆ្នាំមុន ប៉ុន្តែអនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច លោកឡេ វ៉ាន់ថាញ បានប្រាប់ VnExpress ថាអ្វីៗហាក់ដូចជាកាន់តែអាក្រក់ទៅ ៗ ។

លោក បានពន្យល់ពីមូលហេតុនៃការភ័យខ្លាច ដោយថា ជំងឺរាតត្បាតបានផ្ទុះឡើង ម្តងទៀតបន្ទាប់ពី ៩៩ ថ្ងៃហើយដែលគ្មានករណីឆ្លង ប៉ុន្តែក្រោយមក ក៏មានចំនួនករណីឆ្លងក្នុងស្រុក កំពុងតែកើនឡើង ហើយទីក្រុងនិងខេត្តមួយចំនួន បានដាក់ចេញវិធានការគម្លាតសង្គម ឬយ៉ាងហោចណាស់បានហាមឃាត់ ប្រជាជនមិនឱ្យប្រមូលផ្តុំគ្នាជាក្រុម ដែលមានគ្នាជាង ៣០ នាក់។

នៅសហរដ្ឋអាមេរិក អឺរ៉ុប និងចិន ដែលជាទីផ្សារនាំចេញធំ ៗ ទាំងបីរបស់វៀតណាមមិនមាន សញ្ញាណាមួយនៃការរីករាលដាល នៃជំងឺរាតត្បាត ដែលស្ថិតក្រោមការ គ្រប់គ្រងបាននៅឡើយទេ។ ចំណែកវ៉ាក់សាំង នឹងមិនទាន់ដឹងថា មាននៅពេលណាមួយឆាប់ៗនោះទេ ហើយហានិភ័យនៃការចម្លង ក្នុងសហគមន៍នៅតែខ្ពស់។

លោក ថាញ់ បាននិយាយថា សេណារីយ៉ូដែលអាក្រក់បំផុត ដែលត្រូវបានមើលឃើញ ដោយក្រសួងរបស់លោក គឺថាប្រជាជន ៦០.០០០-៧០.០០០ នាក់នឹងបាត់បង់ការងាររៀងរាល់ខែ រហូតដល់ដំណាច់ឆ្នាំ ដែលភាគច្រើននៅក្នុងវិស័យទេសចរណ៍ សេវាកម្ម សំណង់ ដឹកជញ្ជូន និងផលិតកម្ម។

សហគ្រាសចំនួន ៧០ភាគរយ អាចរងផលប៉ះពាល់ នៅប៉ុន្មានខែខាងមុខនេះ ហើយចំនួនកម្មករដែលបាត់បង់ ការងារឬម៉ោងធ្វើការអាចមានពី ៣,៥-៥ លាននាក់។

នៅឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនចំនួន ២៩.០០០ បានផ្អាកប្រតិបត្តិការ។ យោងតាមទស្សនវិស័យ ផលប៉ះពាល់នៃជំងឺរាតត្បាតមានចំនួន ៣៨,២ ភាគរយច្រើនជាង រយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top