បរទេស៖ រដ្ឋមន្ត្រីសុខាភិបាល និងសេវាកម្មនុស្ស សហរដ្ឋអាមេរិក លោក Alex Azar នឹងធ្វើដំណើរទស្សនកិច្ច ទៅកោះតៃវ៉ាន់ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយនេះ គឺជាដំណើរទស្សនកិច្ច លំដាប់ខ្ពស់បំផុត ធ្វើឡើងដោយមន្ត្រីអាមេរិក ក្នុងរយៈពេល៤ទសវត្សកន្លងមក ដែលនឹងអាចធ្វើឲ្យទីក្រុងប៉េកាំងខឹង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Alex Azar បានមានប្រសាសន៍ដូច្នេះថា “កោះតៃវ៉ាន់ គឺជាទម្រង់មួយ នៃតម្លាភាព និងសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលពិភពលោក នៅក្នុងអំឡុងការរាតត្បាត ឆ្លងមេរោគកូវីដ១៩ និងនៅមុននោះជាយូរមកហើយ។
ខ្ញុំរង់ចាំបង្ហាញការគាំទ្រ របស់លោកប្រធានាធិបតី ត្រាំ ចំពោះថ្នាក់ដឹកនាំ សុខាភិបាលសកលរបស់តៃវ៉ាន់ និងបង្ហាញនូវជំនឿរួមគ្នាថា សង្គមប្រកាន់របប លទ្ធិប្រជាធិបតេយ្យសេរី គឺជាទម្រង់ដ៏ល្អបំផុត សម្រាប់ការការពារ និងលើកកម្ពស់វិស័យសុខាភិបាល”។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោក Alex Azar នេះ នឹងធ្វើឲ្យកាន់តែអាក្រក់ឡើង ចំពោះចំណងមិត្តភាព ប៉េកាំង-វ៉ាស៊ីនតោន ដែលអាក្រក់ស្រាប់ហើយ បញ្ហាជំនួញ បញ្ហារាតត្បាតឆ្លងមេរោគកូវីដ១៩ និងបញ្ហាសិទ្ធិមនុស្ស ស្របពេលតៃវ៉ាន់ បង្ហាញនូវការស្វាគមន៍ ចំពោះការបង្ហាញការគាំទ្រក្នុងទី ចំពោះមុខមានការសម្ពាធ ពីប្រទេសចិន៕ ប្រែសម្រួល៖ប៉ាង កុង