បរទេស៖ មេបញ្ជាការកងទ័ពដ៏មានឥទ្ធិពល របស់ប្រទេសថៃនៅថ្ងៃពុធនេះ បានប្រាប់ដល់ទាហានថា ការស្អប់ខ្ពើមប្រជាជាតិ ដែលកំពុងយាយីប្រទេសនេះ គឺជាការគំរាមកំហែងធំជាងវីរុសកូរ៉ូណា ដោយសារតែចលនាគាំទ្រ លទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំងឡើង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះរាជាណាចក្រនេះ មានការធ្វើបាតុកម្មស្ទើរតែ រាល់ថ្ងៃអស់រយៈពេលជាងពីរសប្តាហ៍ ដោយប្រជាជនថៃវ័យក្មេងភាគច្រើន ដែលបានបញ្ឆេះដោយកំហឹងរបស់ពួកគេ ចំពោះរដ្ឋាភិបាលរាជានិយម គាំទ្រដោយយោធា ដែលដឹកនាំដោយអតីតមេបញ្ជាការកងទ័ព លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។
ការបង្ហាញការមិនសប្បាយចិត្តបំផុត បានកើតឡើងនៅយប់ថ្ងៃច័ន្ទ នៅពេលសិស្សក្មេងៗ ស្លៀកពាក់អាវផាយ Harry Potter បានអបអរសាទរមេធាវីម្នាក់ នៅពេលគាត់ដឹកនាំការពិភាក្សា អំពីព្រះរាជតួនាទីរបស់ ព្រះមហាក្សត្រនៅប្រទេសថៃ។
ក្នុងដំណើរទស្សនកិច្ច នៅបណ្ឌិតសភាយោធា Chulachomklao នៅថ្ងៃពុធ មេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍ Apirat Kongsompong ដែលធ្លាប់បានរិះគន់ ឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីអតីតកាល បាននិយាយបែបបញ្ឆិតបញ្ឆៀងអំពី “ជំងឺ” នៃការរិះគន់ប្រទេសមួយ។
លោកឧត្តមសេនីយ៍ ដ៏មានឥទ្ធិពលរូបនេះបាននិយាយថា ជំងឺកូវីដ១៩ អាចព្យាបាលបានប៉ុន្តែ ជំងឺដែលមិនអាចព្យាបាល បានគឺការស្អប់ខ្ពើមប្រជាជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា