វ៉ាស៊ីនតោន៖ ក្រសួងការបរទេសបានឲ្យដឹង កាលពីថ្ងៃពុធម្សិលមិញនេះថា សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ លើភាពចាំបាច់ សម្រាប់កូរ៉េខាងជើង ដើម្បីបញ្ឈប់ការបង្កហេតុ និងវិលត្រឡប់ ទៅរកកិច្ចពិភាក្សានុយក្លេអ៊ែរវិញ។
បញ្ហានៃកម្មវិធីអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ត្រូវបានពិភាក្សា ក្នុងកិច្ចពិភាក្សារវាងអាមេរិក និងអាស៊ានលើកទី ៣៣ កាលពីថ្ងៃអង្គារ ដែលដឹកនាំ ដោយសហប្រធានរដ្ឋមន្រ្តី ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកលោក David Stilwell និងអនុរដ្ឋមន្រ្តី ក្រសួងការបរទេសឡាវ លោក ថោងផាន សាវ៉ាន់ថេត។ ។
សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ការញុះញង់ គោរពតាមកាតព្វកិច្ចរបស់ខ្លួន នៅក្រោម UNSCRs និងចូលរួមកិច្ចចរចា ប្រកបដោយចីរភាពជាមួយសហរដ្ឋអាមេរិក ដើម្បីសម្រេចបាន នូវការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងបានជំរុញឱ្យបណ្តាប្រទេសអាស៊ាន បន្តអនុវត្តនិងអនុវត្តទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ៕ ដោយ៖ ឈូក បូរ៉ា