រ៉ាម៉ាឡា៖ រដ្ឋាភិបាលប៉ាឡេស្ទីន បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ឱ្យបញ្ឈប់ការរំលោភរបស់ខ្លួន នៅក្នុងទឹកដីប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា“ ប៉ាឡេស្ទីនថ្កោលទោស ចំពោះវិធានការពង្រីក និងវិធានការអាណានិគម របស់អ៊ីស្រាអែល នៅតំបន់វេសប៊ែងខាងលិច និងយេរ៉ូសាឡឹមខាងកើត ជាពិសេសការរឹបអូសដីធ្លី និងការរុះរើផ្ទះរបស់ ប្រជាជនប៉ាឡេស្ទីន” ។
នៅព្រឹកថ្ងៃដដែលនេះអាជ្ញាធរអ៊ីស្រាអែល បានវាយកម្ទេចផ្ទះពលរដ្ឋប៉ាឡេស្ទីនចំនួន ៣ នៅក្រុងយេរូសាឡឹមខាងកើត នៅក្នុងនោះដែរពួកគេក៏បានបង្ខំ ប្រជាជនប៉ាឡេស្ទីនម្នាក់ឱ្យរុះរើផ្ទះ ដែលគេហៅថា គ្មានលិខិតអនុញ្ញាតនៅក្រុង Silwan ៕
ដោយ ឈូក បូរ៉ា
