ព័ត៌មានអន្តរជាតិ

ថៃត្រៀមខ្លួន ផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសលីបង់ ក្រោយការផ្ទុះដ៏កក្រើក នៅរដ្ឋធានី បេរូត បានធ្វើឱ្យមនុស្ស ៣០០.០០០ នាក់ គ្មានផ្ទះសម្បែង

បរទេស៖ ប្រទេសថៃត្រៀមខ្លួន ផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសលីបង់ បន្ទាប់ពីការផ្ទុះដ៏សាហាវនៅបេរូត កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់ពាន់នាក់រងរបួស។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹង ដោយយោងតាមអភិបាលក្រុង លោក Marwan Abboud បានឱ្យដឹងថា ការផ្ទុះដ៏ធំនៅកំពង់ផែសំខាន់ របស់ប្រទេសលីបង់នៅរដ្ឋធានី បេរូត បានធ្វើឱ្យមនុស្ស ៣០០.០០០ នាក់គ្មានផ្ទះសម្បែង និងបង្កការខូចខាត នៅទូទាំងពាក់កណ្តាលទីក្រុង ដែលបានប៉ាន់ស្មាន កាលពីម្សិលមិញមានចំនួនជាង ៣ ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្រ្តីក្រសួងការបរទេសថៃ Don Pramudwinai បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលថៃមានឆន្ទៈ ក្នុងការផ្តល់ជំនួយដូចជា ការផ្គត់ផ្គង់វេជ្ជសាស្រ្ត ឬប្លាស្មាឈាមតាមការស្នើសុំ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Cherdkiat Atthakor បាននិយាយថា មានជនជាតិថៃប្រមាណ ២០០ នាក់ កំពុងធ្វើការនៅប្រទេសលីបង់ ទោះបីជាយ៉ាងណា ក៏មិនមានរបាយការណ៍ណាមួយ ដែលបញ្ជាក់ថាជនជាតិថៃ ត្រូវបានសម្លាប់ឬរងរបួស នោះដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top