ព័ត៌មានអន្តរជាតិ

អាមេរិកកំពុងចរចាស្ងាត់ៗ លក់យន្តហោះឈ្លបយកការណ៍ គ្មានមនុស្សបើក MQ-9 Reaper ៤គ្រឿង ទៅឱ្យកោះតៃវ៉ាន់

បរទេស៖ ទោះបីសហរដ្ឋអាមេរិក ប្រកាន់ខ្ជាប់ នូវគោលនយោបាយចិនតែមួយជាផ្លូវការ នៅទសវត្សឆ្នាំ ១៩៧០ ក៏ដោយ ក៏រដ្ឋបាលបច្ចុប្បន្ន នៅទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងចូលរួម ក្នុងការចរចាក្រៅផ្លូវការ ជាមួយកោះតៃវ៉ាន់ ស្តីពីបញ្ហានៃការលក់ផ្នែករឹង របស់យោធាដល់ដីកោះនេះ ទោះបីជាមានការតវ៉ា ពីសំណាក់រដ្ឋាភិបាល ទីក្រុងប៉េកាំងក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការផ្សាយ របស់សារព័ត៌មាន រ៉យទ័រ ដែលបានដកស្រង់ ប្រភពអនាមិកចំនួន៦ថា រដ្ឋាភិបាលអាមេរិក កំពុងចរចាលក់យន្តហោះដ្រូន ស៊ើបការណ៍ SeaGuardian ចំនួន ៤ គ្រឿង ដែលជាកំណែចុងក្រោយ នៃយន្តហោះគ្មានមនុស្សបើក MQ-9 Reaper strike UAV ដ៏ល្បីល្បាញដល់អាជ្ញាធរកោះតៃវ៉ាន់។

ការលក់នេះត្រូវបានរាយការណ៍ថា ត្រូវបានអនុញ្ញាតដោយស្ងៀមស្ងាត់ ដោយក្រសួងការបរទេសអាមេរិក ប៉ុន្តែមិនទាន់ទទួលបាន ការយល់ព្រមពីសភា ដែលជាអ្វីដែលមិនត្រូវបានធានានោះទេ ដោយសារតែកិច្ចព្រមព្រៀងនេះ អាចធ្វើឱ្យកាន់តែអាក្រក់ ដល់ទំនាក់ទំនង រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

គេរំពឹងថាសភាអាមេរិក នឹងទទួលបានព័ត៌មាន អំពីកិច្ចព្រមព្រៀងនេះ នៅដើមខែកញ្ញា៕ ប្រែសម្រួលៈ ណៃ តុលា

To Top