ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក​ បង្ហាញក្តីព្រួយបារម្ភប្រាប់ សមភាគីចិនស្តីពី សកម្មភាពប៉េកាំង នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយករណ៍ បានបង្ហាញក្តីព្រួយបារម្ភ ស្តីពីទង្វើបង្កអស្ថិរភាព របស់ទីក្រុងប៉េកាំង នៅជិតកោះតៃវ៉ាន់ និងដែនសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទមួយ ជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ហើយនេះជាលើកទីមួយហើយ ដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរ បានពិភាក្សាគ្នា ចាប់តាំងពីខែមីនាមក។

មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក Jonathan Hoffman បាននិយាយប្រាប់អ្នកសារព័ត៌មានថា “លោករដ្ឋមន្រ្តី Esper ក៏បានលើកឡើងពីសារៈសំខាន់ ដែលសាធារណរដ្ឋប្រជាមានិតចិន គោរពតាមច្បាប់ ក្រឹត្យក្រម និងទំនៀមអន្តរជាតិ ហើយនិងបំពេញតាមការ ប្តេជ្ញាអន្តរជាតិរបស់ខ្លួន”។

គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលចំណងមិត្តភាពចិន និងអាមេរិក បានធ្លាក់ចុះយ៉ាងលឿន នៅក្នុងឆ្នាំនេះ ជុំវិញបញ្ហានានាជាច្រើន រួមមានទាំងការដែលចិន គ្រប់គ្រងមេរោគកូរ៉ូណា ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ Huawei ការអះអាងកម្មសិទ្ធិទឹកដីចិន នៅដែនសមុទ្រចិនខាងត្បូង និងការបង្ក្រាបនៅទីក្រុងហុងកុង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top