បរទេស៖ រដ្ឋាភិបាលហុងកុង បានហៅការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់ ១១ នាក់ មកពីចិនដីគោកនិងហុងកុង ថាគួរអោយស្អប់ខ្ពើម និងអៀនខ្មាស។ នេះបើយោងតាមសេចក្តីថ្លែង ការណ៍នៅលើគេហទំព័រ របស់រដ្ឋាភិបាលហុងកុង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលហុងកុង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាល តំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅថ្ងៃនេះ (៨ សីហា) បានរិះគន់យ៉ាងខ្លាំង ចំពោះអ្វីដែលហៅថា ការដាក់ទណ្ឌកម្ម ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកប្រឆាំង នឹងមន្រ្តីរដ្ឋាភិបាលចំនួន ១១ រូប និងរដ្ឋាភិបាល HKSAR ថា គ្មានការអៀនខ្មាសនិងគួរឱ្យស្អប់ខ្ពើម។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលហុងកុងត្រៀមខ្លួនគាំទ្រ ក្រុងប៉េកាំងក្នុងករណីមានវិធានការសងសឹក ប្រឆាំងនឹងសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្ម លើមន្ត្រីជាន់ខ្ពស់ចិនចំនួន ១១ នាក់នេះផងដែរ។
សូមជម្រាបថា ក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ បុគ្គលទាំង ១១ នាក់ដែលត្រូវបានចាត់តាំង នៅថ្ងៃនេះ បានអនុវត្តគោលនយោបាយ ដែលមានគោលបំណងផ្ទាល់ ដើម្បីទប់ស្កាត់សេរីភាព នៃការបញ្ចេញមតិ និងការជួបជុំនិងដំណើរ ការប្រជាធិបតេយ្យ ហើយត្រូវទទួលខុសត្រូវជាបន្តបន្ទាប់ ចំពោះការរិចរិលនៃស្វ័យភាពរបស់ហុងកុង៕
ប្រែសម្រួលៈ ណៃ តុលា