ព័ត៌មានអន្តរជាតិ

ស្ថានទូតអាមេរិកនៅលីបង់ថា ខ្លួនឈរនៅខាងបាតុករ ក្រោយបាតុកម្ម បណ្តាលឱ្យស្លាប់ប៉ូលិសម្នាក់ និងរបួស រាប់រយនាក់

បរទេស៖ មនុស្សរាប់រយនាក់បានរងរបួស និងមន្រ្តីប៉ូលិសម្នាក់ស្លាប់ ក្នុងអំឡុងពេលបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងរដ្ឋធានីបេតូត ប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះដ៏សាហាវមួយ ដែលក្រុមអ្នកតវ៉ា បានស្តីបន្ទោសទៅលើការធ្វេសប្រហែស និងការគ្រប់គ្រងមិនត្រឹមត្រូវ របស់អាជ្ញាធរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងបេរូត បានបង្ហាញជំហរ នៅខាងក្រុមបាតុករលីបង់រាប់ពាន់នាក់ ដែលបានប៉ះទង្គិច ជាមួយប៉ូលិសប្រឆាំងកុប្បកម្ម បន្ទាប់ពីមានការផ្ទុះដ៏សាហាវមួយ ដែលបានហែកហួររដ្ឋធានី របស់ប្រទេសនេះ នៅសប្តាហ៍នេះ។

ស្ថានទូតអាមេរិក បានសរសេរនៅថ្ងៃសៅរ៍ថា “ ប្រជាជនលីបង់បានរងទុក្ខច្រើន ហើយសមនឹងទទួលបាន មេដឹកនាំដែលស្តាប់ពួកគេ ហើយផ្លាស់ប្តូរ ដើម្បីឆ្លើយតបទៅនឹងការទាមទារ ដ៏មានតម្លាភាពនិងគណនេយ្យភាព” ។

បេសកកម្មការទូតមហាអំណាចនេះ បានបន្ថែមទៀតថា ខ្លួនគាំទ្រសិទ្ធិរបស់ប្រជាជនលីបង់ ក្នុងការតវ៉ាដោយសន្តិវិធី និងបានលើកទឹកចិត្ត ដល់អ្នកដែលពាក់ព័ន្ធទាំងអស់ ឱ្យចៀសវាងអំពើហិង្សា៕ ប្រែសម្រួលៈ ណៃ តុលា

To Top