ព័ត៌មានអន្តរជាតិ

WHO៖ ទ្វីបអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី១០លាននាក់

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា អង្គការសុខភាពភពលោក (WHO)បានឲ្យដឹងកាលពីថ្ងៃសុក្រថា សរុបអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាមេរិក មានជាង១០លាននាក់ ។

គិតត្រឹមម៉ោង១០ព្រឹក ត្រូវនឹងម៉ោង៨និង០០នាទី ម៉ោងសកល មានករណីថ្មីចំនួន១៥៤.១១៨នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងនៅទ្វីបអាមេរិក ក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់១០.១៣៥.៣២២នាក់ ដែលចំនួននេះលើសពីចំនួនអ្នកឆ្លងជំងឺជាងពាក់កណ្តាលនៃពិភពលោក ដែលមាន១៨.៩០២.៧៣៥នាក់ ។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩៤.៥៩៨នាក់ ដែលបានកត់ត្រានៅក្នុងតំបន់ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់៣៧៦.៦០៦នាក់ ។

កំណើនប្រចាំថ្ងៃនៃអ្នកឆ្លងជំងឺកូវីដ១៩នៅទ្វីបអាមេរិក មានរហូតដល់លើស១០០.០០០នាក់ គិតចាប់តាំងពីថ្ងៃទី៩ខែកក្កដា ហើយតំបន់នេះត្រូវបានកត់សម្គាល់ដោយអង្គការសុខភាពពិភពលោក ដែលជាទីតាំងសំខាន់ថ្មីមួយនៃការឆ្លងរាលដាលជំងឺ ។

សហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថា ទំាងអ្នកស្លាប់ និងឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់មកប្រេស៊ីល ។ គិតត្រឹមថ្ងៃសុក្រ សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍មកថា មានជាង៤.៧៨១.៦១២នាក់ និងប្រេស៊ីលមាន ២.៨៥៩.០៧៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top