បរទេស៖ ដោយមាននាវា ផ្ទុកយន្តហោះ USS Ronald Reagan ជាឧបករណ៍សង្គ្រាមនាំមុខ កងទ័ពអាកាស និងកងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅក្នុងសប្ដាហ៍នេះ បានប្រារព្ធធ្វើសមយុទ្ធហ្វឹកហាត់ នៅជិតប្រទេសជប៉ុន។
សមយុទ្ធនេះ មានការចូលរួម ដោយនាវាផ្ទុកយន្តហោះ និងក្រុមវាយប្រហារ ដែលជានាវាផ្ទុកយន្តហោះ ដាក់ពង្រាយ តែមួយគ្រឿងគត់របស់ទ័ពជើងទឹក ក៏ដូចជាកងវាយប្រហារ អេឡិកត្រូនិកទ័ពជើងទឹកលេខ១៣១ ដែលផ្លាស់ប្តូរមកពីកោះ Whidbey ទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនា និងកងយន្តហោះចម្បាំង ទ័ពអាកាសលេខ៣៥។
យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃតី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កងនាវាចម្បាំងទ័ពជើងទឹកលេខ៧ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ការហាត់សមរួមគ្នានេះ រួមមានប្រតិបត្តិការ វាយប្រហារពីអាកាសទៅអាកាស សមយុទ្ធស្វែងរក និងជួយសង្គ្រោះក្នុងចម្បាំង និងសមយុទ្ធការពារដែនអាកាស៕ ប្រែសម្រួល៖ប៉ាង កុង