ព័ត៌មានអន្តរជាតិ

ចិនបញ្ជូនយន្តហោះចម្បាំង ស្របពេលរដ្ឋមន្ត្រី សុខាភិបាលអាមេរិក ធ្វើទស្សនកិច្ចតៃវ៉ាន់

បរទេស៖ រដ្ឋាភិបាលតៃវ៉ាន់និយាយថា យន្តហោះចម្បាំងកងទ័ពអាកាសចិន តាមសេចក្តីរាយការណ៍ បានហោះកាត់ពាក់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទនេះ និងត្រូវបានតាមដានសង្កេតមើល ដោយមីស៊ីលតៃវ៉ាន់ ស្របពេលដែលរដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar ធ្វើដំណើរទស្សនកិច្ចតៃវ៉ាន់ ផ្តល់ការគាំទ្ររបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ។

កងទ័ពអាកាសតៃវ៉ាន់ បាននិយាយប្រាប់ថា ប្រទេសចិនដែលសន្យា ធ្វើការសងសឹកចំពោះដំណើរ ទស្សនកិច្ចរដ្ឋមន្ត្រីអាមេរិកនោះ បានហោះហើរយន្តហោះចម្បាំង J-11 និង J-10 ហោះចូលច្រកសមុទ្រនៅខាងតៃវ៉ាន់ ជាទីខ័ណ្ឌចែក កាលពីម៉ោងប្រហែល៩ព្រឹក នៅមុនពេលលោក Alex Azar ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន៕

ក្នុងសេចក្តីថ្លែងការណ៍មួយចេញ ដោយក្រសួងការពារជាតិ កងកម្លាំងទ័ពអាកាស តៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងចិននោះ ត្រូវបានតាមដានដោយមីស៊ីល បាញ់យន្តហោះតៃវ៉ាន់ និងត្រូវបានបណ្ដេញចេញទៅវិញ ដោយយន្តហោះល្បាតរបស់តៃវ៉ាន់។ ចំណែកក្រសួងការពារជាតិចិន នៅពេលភ្លាមៗនេះ មិនទាន់ផ្តល់សេចក្តីអត្ថាធិប្បាយ ណាមួយនៅឡើយទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top