ព័ត៌មានអន្តរជាតិ

លីបង់៖ រដ្ឋមន្រ្តីយុត្តិធម៌ រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួង២ទៀត លាលែងពីតំណែង ជុំវិញការផ្ទុះដ៏កក្រើកខូចខាតស្ទើរពាក់កណ្តាលរដ្ឋធានី បេរូត

បរទេស៖ នៅព្រឹកថ្ងៃច័ន្ទ រដ្ឋមន្រ្តីយុត្តិធម៌ លីបង់លោកស្រី Marie-Claude Najm បានដាក់លិខិតលាឈប់ ជាលាយលក្ខណ៍អក្សរ ទៅកាន់លោកនាយករដ្ឋមន្រ្តី លោក Hassan Diab។ ចំណែករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលីបង់ លោក Ghazi Wazni ក៏បានលាលែងពីតំណែង ដោយសារការផ្ទុះយ៉ាងកក្រើកនៅកំពង់ផែបេរូត ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លីបង់លោកស្រី Marie-Claude Najm រដ្ឋមន្រ្តីក្រសួងព័ត៌មាន Manal Abdel-Samad និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន Damianos Kattar បានដាក់សំណើលាលែង។

បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយកាលពីដើមសប្តាហ៍មនុស្ស រាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវ ក្នុងទីក្រុងបេរូត កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង។ នៅក្នុងការតវ៉ានោះ ក្រសួងចំនួន ៤ និងសមាគមធនាគារ ត្រូវបានក្រុមបាតុករវាយបំបែក។ មន្រ្តីអនុវត្តច្បាប់ម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងជាង ៧០០ នាក់រងរបួស។

សូមជម្រាបថា កាលពីល្ងាចថ្ងៃអង្គារការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើងនៅឯកំពង់ផែបេរូត ដោយបានសម្លាប់មនុស្សយ៉ាងតិច ១៥៨ នាក់និងរងរបួសជាង ៦.០០០ នាក់។ យោងតាមអាជ្ញាធរបានឱ្យដឹងថាការផ្ទុះនេះបណ្តាល មកពីសារធាត អាម៉ូញ៉ូមនីត្រាត ចំនួន ២.៧៥០ តោនត្រូវរឹបអូសដោយសេវាកម្មគយក្នុងឆ្នាំ ២០១៤ ហើយបានរក្សាទុកនៅក្នុងកំពង់ផែចាប់តាំងពីពេលនោះមក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top