ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាហ្វហ្គានីស្ថាន នឹងចុះហត្ថលេខាដោះលែង អ្នកទោសតាលីបង់

បរទេស៖ ប្រភពពីប្រេសិតពិសេសអាមេរិក និងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចចរចាសន្តភាពដែល ទន្ទឹងរង់ចាំជាយូរមកហើយ រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមក្នុងប្រទេសកាតា ក្នុងពេលមួយសប្ដាហ៍ទៀត នៅពេលដែលក្រុមអ្នកទោស តាលីបង់ចុងក្រោយ ត្រូវបានដោះលែង។

រដ្ឋាភិបាលបានទទួលយក ការណែនាំឲ្យដោះលែង អ្នកទោសតាលីបង់ចំនួន ៤០០នាក់ ត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សាគ្នា មានគោលដៅបញ្ចប់សង្គ្រាម ដែលបានកើតមានតាំងពីកងម្លាំង អាហ្វហ្គានីស្ថានគាំទ្រដោយអាមេរិក ផ្តួលរំលំរដ្ឋាភិបាលតាលីបង់ នៅចុងឆ្នាំ២០០១។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បាននិយាយប្រាប់សារព័ត៌មាន នៅថ្ងៃចន្ទនេះថា “យើងត្រៀមខ្លួនអង្គុយពិភាក្សាគ្នា ក្នុងពេលមួយសប្ដាហ៍ទៀត នៅពេលយើងឃើញអ្នកទោស របស់យើងត្រូវបានដោះលែង” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top