បរទេស៖ សេចក្តីថ្លែងការណ៍ ផ្លូវការមួយរបស់ឥណ្ឌា ចេញនៅថ្ងៃអង្គារ បាននិយាយថា អាជ្ញាធរពន្ធរបស់ប្រទេសឥណ្ឌា បានធ្វើប្រតិបត្តិការ ឆ្មក់ចូលបរិវេណអង្គភាព និងសមាគមមួយចំនួនរបស់ចិន ពាក់ព័ន្ធការលាងលុយកខ្វក់ ហើយប្រតិបត្តិការនេះ គឺជាការបន្ថែមភាពលំបាក កាន់តែខ្លាំងថែមទៀត ជាមួយទីក្រុងប៉េកាំង ក្រោយមានការប៉ះទង្គិចគ្នា នៅតាមព្រំដែន កាលពីខែមិថុនា។
ចាប់តាំងពីមានការប៉ះទង្គិចគ្នាមក រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានចាត់វិធានការនានា ដូចជាហាមឃាត់ មិនឲ្យប្រើកម្មវិធី ទូរស័ព្ទចល័តចិនមួយចំនួន និងរឹតបន្តឹងលក្ខខណ្ឌ តម្រូវការសម្រាប់ការវិនិយោគ និងការចូលរួម ក្នុងកិច្ចការដេញថ្លៃរបស់រដ្ឋាភិបាល ប៉ុន្តែសេចក្តីថ្លែងការណ៍នោះ មិនបានផ្តល់សេចក្តីលម្អិត ស្តីពីពេលវេលាធ្វើប្រតិបត្តិការឆ្មក់ចូល ឬក៏ប្រភេទអង្គភាព ដែលត្រូវឆ្មក់ចូលនោះទេ។
ប៉ុន្តែសេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ប្រាប់ត្រឹមតែថា បុគ្គលជាជនជាតិចិន សម្ពន្ធមិត្តរបស់ពួកគេ និងបុគ្គលិកធនាគារពីររូប មានការជាប់ពាក់ព័ន្ធ ក្នុងអំពើលាងលុយកខ្វក់ តាមរយៈក្រុមហ៊ុន ដែលមានតែឈ្មោះជាបន្តបន្ទាប់៕ ប្រែសម្រួល៖ប៉ាង កុង