ព័ត៌មានអន្តរជាតិ

ខណៈភាពតានតឹង កើនឡើង នៅអាស៊ីប៉ាស៊ីហ្វិក, កូរ៉េខាងត្បូង គ្រោងសាងសង់ នាវាផ្ទុកយន្តហោះដំបូង របស់ខ្លួននៅឆ្នាំក្រោយ

សេអ៊ូល៖ ក្រសួងការពារជាតិ របស់ប្រទេសបានប្រកាសថា កូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើម សាងសង់នាវាផ្ទុកយន្តហោះដំបូង របស់ខ្លួននៅឆ្នាំក្រោយ និងទទួលបានយន្តហោះចម្បាំង ដើម្បីប្រតិបត្តិការនៅលើវា។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីឆ្នាំមុនប្រទេសកូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ចំពោះនាវាដឹកយន្តហោះ ដោយនិយាយថា ខ្លួននឹងសាងសង់ “នាវាដឹកជញ្ជូនធុនធំ ដែលមានគោលបំណងច្រើន” ។ ប៉ុន្តែនៅក្នុងផែនការជាតិ របស់ខ្លួនសម្រាប់ឆ្នាំ ២០២១-២០២៥ ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ រដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំជាលើកដំបូង ក្នុងការកសាងឧបករណ៍យោធានេះ ដែលមានទឹកប្រាក់ រាប់ពាន់លានដុល្លារ។

ក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា នាវាផ្ទុកយន្តហោះដែលមានទម្ងន់ ៣០ ០០០ តោនអាចដឹកជញ្ជូន កងកម្លាំងយោធាឧបករណ៍ និងសម្ភារៈនិងអាចប្រតិបត្តិការយន្តហោះចម្បាំង ដែលមានសមត្ថភាពអាចចុះចត និងហោះឡើងបាន។

គេរំពឹងថាប្រទេសកូរ៉េខាងត្បូង នឹងទិញយន្ដហោះចម្បាំង F-35B ដែលផលិតនៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពហោះហើរខ្លីនិងមាន សមត្ថភាពចុះចតបញ្ឈរ ដែលអាចប្រើបានជាមួយ នឹងនាវាដឹកយន្តហោះធុនតូច។ យន្តហោះចម្បាំង F-35Bs គឺជាយន្តហោះចម្បាំងចុះចតនិងបញ្ឈរតែមួយគត់ ក្នុងការផលិត នៅលើពិភពលោក។

ប្រទេសកូរ៉េខាងត្បូង នឹងចូលរួមជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយយន្តហោះ F-35B នៅលើនាវាផ្ទុកយន្តហោះធុនស្រាល នៅភាគខាងលិចប៉ាស៊ីហ្វិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top