ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស ក្រិកនិងអាមេរិក នឹងជួបគ្នា ជុំវិញ ភាពតានតឹង នៅសមុទ្រ មេឌីទែរ៉ានេ ខាងកើត

បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិកនិងសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នឹងជួបគ្នាក្នុងទីក្រុងវីយែន នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត ស្របពេលមានជម្លោះរវាងទីក្រុងអាតែននិងទីក្រុងអង់ការ៉ា ជុំវិញធនធានអ៊ីដ្រូកាបូន។

ជំនួបគ្នារវាងរដ្ឋមន្ត្រីការបរទេសក្រិក លោក Nikos Dendias និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo គឺត្រូវបានធ្វើឡើងក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសតួកគី បញ្ជូននាវាស្ទង់ការរញ្ជួយដី Oruc Reis ទៅកាន់តំបន់សមុទ្រមួយកន្លែង ដែលប្រទេសទាំងពីរអះអាងកម្មសិទ្ធិ ដោយនិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការនៅទីនោះ រហូតដល់ថ្ងៃទី២៣ ខែសីហា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានអំពាវនាវឲ្យប្រទេសតួកគីនិងប្រទេសក្រិក បន្តជួបពិភាក្សាគ្នាដោយផ្ទាល់ ដែលលោក Ibrahim Kalin ជាមន្ត្រីនាំពាក្យប្រធានាធិបតីតួកគី លោក បាននិយាយថា កំពុងតែប្រព្រឹត្តទៅអស់រយៈពេលពីរខែ រហូតដល់ពួកគេបានបំបែកគ្នា កាលពីខែមុន៕ប្រែសម្រួល៖ប៉ាង កុង

To Top