បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ចំនួន៣គ្រឿង ត្រូវបាបញ្ជូនទៅកាន់មូលដ្ឋានដ៏ដាច់ស្រយាល់មួយនៅមហាសមុទ្រឥណ្ឌា។
យន្តហោះទម្លាក់គ្រាប់ដ៏ទំនើបទាំងនោះ បានធ្វើដំណើរទៅដល់ទីតាំងគាំទ្រកងទ័ពជើងទឹកអាមេរិក Diego Garcia ជាមូលដ្ឋានយោធាមួយ ដែលធ្វើប្រតិបត្តិការរួមគ្នាដោយសហរដ្ឋអាមេរិកនិងអង់គ្លេស នៅលើប្រជុំកោះ Diego Garcia ស្ថិតតាមខ្សែបន្ទាត់អេក្វាទ័រ នៅមហាសមុទ្រឥណ្ឌា។ ការធ្វើដំណើររយៈពេល២៩ម៉ោង ពីមូលដ្ឋានទ័ពអាកាសអាមេរិក Whiteman នោះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ថា ការបញ្ជូនយន្តហោះទម្លាក់គ្រាប់ទៅមូលដ្ឋាននៅមហាសមុទ្រឥណ្ឌានេះ គឺត្រូវបានធ្វើឡើងស្របពេលដែលភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់។
ចំណែកប្រទេសចិន ក៏មានសមយុទ្ធយោធាជាបន្តបន្ទាប់ ដែលគ្រោងធ្វើឡើងនៅសប្ដាហ៍ក្រោយ
នៅដែនសមុទ្រចិនខាងត្បូង ដែលអាចជាការហាត់សមវាយប្រហារទៅលើកោះនានាក្នុងតំបន់របស់តៃវ៉ាន់៕ប្រែសម្រួល៖ប៉ាង កុង