បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្តើមបោះឆ្នោត លើការប៉ុនប៉ងរបស់អាមេរិក ឲ្យបន្តដាក់បម្រាមអាវុធលើប្រទេសអ៊ីរ៉ង់ ដែលត្រូវបានជំទាស់រុស្ស៊ីនិងចិន ហើយលទ្ធផលនៃការបោះឆ្នោតនោះ នឹងត្រូវបានប្រកាស ក្នុងកិច្ចប្រជុំមួយនាថ្ងៃសុក្រ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ មានសមាជិក១៥ប្រទេសនេះ បាននិងកំពុងតែ ធ្វើប្រតិបត្តិការជាក់ស្តែង ស្របពេលមានការឆ្លងរាតត្បាត ដោយមេរោគកូរ៉ូណា ដូច្នេះប្រទេសសមាជិក មានពេល២៤ម៉ោង សម្រាប់កធ្វើការបោះឆ្នោត។
គួរបញ្ជាក់ថា បម្រាមនាំចេញអាវុធ មានអាយុកាល១៣ឆ្នាំនោះ នឹងដល់ពេលផុតកំណត់ នៅក្នុងខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលធ្វើឡើងដោយអ៊ីរ៉ង់ និងមហាអំណាចពិភពលោក គឺរុស្ស៊ី ចិន អាល្លឺម៉ង់ អង់គ្លេស បារាំង និងសហរដ្ឋអាមេរិក ទប់ស្កាត់អ៊ីរ៉ង់ មិនឲ្យអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ ដើម្បីជាថ្នូរ សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម៕ ប្រែសម្រួល៖ប៉ាង កុង