បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសបារាំង ស្វាគមន៍ចំពោះការធ្វើឲ្យ មានភាពប្រក្រតីឡើងវិញ ចំពោះចំណងមិត្តភាពការទូត រវាងប្រទេសអ៊ីស្រាអែល និងប្រទេសសហភាពអារ៉ាប់រួម។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសបារាំង បានថ្លែងយ៉ាងដូច្នេះថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល ផ្អាកដាក់តំបន់នានារបស់ West Bank ចូលជាឧបសម្ព័ន្ធ តាមការគ្រោងទុករបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនោះ គឺជាការបោះជំហានដ៏វិជ្ជមាន។
លោកបាននិយាយបន្តទៀតថា ការផ្អាកនេះ ពិតជាវិធានការដ៏ច្បាស់លាស់មួយ។ កិច្ចព្រមព្រៀងគ្នានោះ បានត្រួសត្រាយផ្លូវ សម្រាប់ការបន្តកិច្ចពិភាក្សាគ្នា រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ជាមួយគោលបំណងបង្កើតរដ្ឋពីរ ហើយលោកបានហៅវាថា ជាជម្រើសតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពនៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង