បរទេស៖ កិច្ចព្រមព្រៀងត្រីភាគីដ៏សំខាន់ ដែលត្រួសត្រាយផ្លូវ សម្រាប់ការធ្វើឱ្យប្រក្រតី នៃទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប់រួម (UAE ) ត្រូវបានប្រកាស ដោយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ កិច្ចព្រមព្រៀងនេះ បានប្តេជ្ញាចិត្ត ដល់ប្រទេសអ៊ីស្រាអែល ឱ្យចៀសវាងផែនការរបស់ខ្លួន ក្នុងការពង្រីកអធិបតេយ្យភាព លើផ្នែកខ្លះនៃតំបន់ West Bank ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រថា ប្រទេសតួកគី កំពុងពិនិត្យមើល ការផ្អាកទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសអារ៉ាប់រួម ដោយការបិទស្ថានទូតតួកគី នៅរដ្ឋធានី Abu Dhabi និងរំលឹកឯកអគ្គរដ្ឋទូតរបស់ខ្លួន ជុំវិញកិច្ចព្រមព្រៀងដែល UAE បានធ្វើជាមួយអ៊ីស្រាអែល។
លោក Erdogan បានប្រាប់អ្នកយកព័ត៌មានថា «យើងអាចហៅមកវិញ ឯកអគ្គរដ្ឋទូតរបស់យើងពីទីក្រុង Abu Dhabi ប្រសិនបើ មានតម្រូវការកើតឡើង ព្រោះយើងគាំទ្រអាជ្ញាធរប៉ាឡេស្ទីន ហើយនឹងមិនបោះបង់សិទ្ធិរបស់ខ្លួនទេ” ។
សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រកាសថា ប្រទេស អ៊ីស្រាអែលនិងអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីធ្វើឱ្យមានប្រក្រតីភាពពេញលេញ នូវទំនាក់ទំនង និងបង្កើតទំនាក់ទំនងការទូត៕ ប្រែសម្រួលៈ ណៃ តុលា