ហាណូយ៖ អគ្គលេខាបក្ស និងជាប្រធានាធិបតី គឺលោក ង្វៀន ភូទ្រុង និងសមភាគីឡាវលោក Bounnhang Vorachith បានឯកភាពបន្តចែករំលែកព័ត៌មាន ក្នុងលក្ខណៈទាន់ពេលវេលា និងសម្របសម្រួល បញ្ហាអន្តរជាតិនិងតំបន់។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំកំពូលទាំងពីរ បាននិយាយថា ប្រទេសទាំងពីរ នឹងពង្រឹងទំនាក់ទំនង នៅក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក កិច្ចប្រជុំអាស៊ីអឺរ៉ុប និងយន្តការសហប្រតិបត្ដិ អនុតំបន់ទន្លេមេគង្គ។
មេដឹកនាំទាំងពីរ ក៏បានសន្យាថា នឹងធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀង រវាងនាយករដ្ឋមន្រ្តីទាំងបី ស្តីពីតំបន់ត្រីកោណ អភិវឌ្ឍន៍រវាងប្រទេសទាំងបី និងនៅពេលជាមួយគ្នា សម្របសម្រួល ជាមួយប្រជាជាតិដទៃទៀត ក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយនិរន្តរភាព និងប្រកបដោយប្រសិទ្ធភាព នៃការប្រើប្រាស់ធនធានទឹក នៃទន្លេមេគង្គ។
អ្នកទាំងពីរបានលើកឡើង ដោយសង្ខេបៗទៅគ្នាទៅវិញទៅមក អំពីស្ថានភាពរបស់បក្ស និងប្រទេសនីមួយៗ ហើយបានផ្លាស់ប្តូរ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងស្ថានភាពពិភពលោកនិងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា