ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា កាលពីយប់ថ្ងៃសុក្រ យន្តហោះយោធារបស់អ៊ីស្រាអ៊ែល បានបើកការវាយប្រហារ ទៅលើមូលដ្ឋានយោធា របស់ក្រុមឥស្លាម ហាម៉ាស់ ដែលតាំងនៅតំបន់ហ្គាហ្សា ស្ទ្រីប (Gaza Strip)ដែលជាការឆ្លើយតប ទៅនឹងការបាញ់គ្រាប់ផ្លោង ចេញពីតំបន់ឆ្នេរសមុទ្រ ចូលក្នុងទឹកដីអ៊ីស្រាអ៊ែល ។
កងកម្លាំងសន្តិសុខ នៅក្នុងក្រុមហាម៉ាស់ បានប្រាប់ដល់ស៊ីនហួ ថាយន្តហោះស៊ើបការណ៍ របស់អ៊ីស្រាអ៊ែល និងយន្តហោះចម្បំាង បានបើកការវាយប្រហារ ដោយមីស៊ីល ទៅលើមូលដ្ឋានយោធា ។
អ្នកស្រុកជាច្រើន រស់នៅតំបន់ឆ្នេរសមុទ្រ បាននិយាយថា ពួកគេបានលាន់លឺសំឡេងផ្ទុះ ដ៏ខ្លាំងនៅភាគខាងត្បូង ភាគកណ្តាល និងភាគខាងជើងនៃតំបន់ហ្គាហ្សា បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង បានហោះឆ្លងកាត់ទឹកដី និងបានចាប់ផ្តើម បើកការវាយប្រហារ តាមដែនអាកាស ៕
ដោយ៖ ម៉ៅ បុប្ផាមករា
