សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ស្វាគមន៍កិច្ចព្រមព្រៀង ដែលបានសម្រេច រវាងអេមីរ៉ាតអារ៉ាប់រួម និងអ៊ីស្រាអែល ដើម្បីធ្វើឱ្យទំនាក់ទំនងការទូត មានលក្ខណៈធម្មតា ឡើងវិញ។
អ្នកនាំពាក្យ ក្រសួងការបរទេសលោក គីម អ៊ិនជុល បានឲ្យដឹងថា“ រដ្ឋាភិបាលរបស់យើង សូមស្វាគមន៍ ចំពោះកិច្ចព្រមព្រៀង រវាងអារ៉ាប់រួមអេមីរ៉ាត និងអ៊ីស្រាអែល ដើម្បីធ្វើឱ្យទំនាក់ទំនង ការទូតមានភាពប្រក្រតីឡើងវិញ ហើយសង្ឃឹមថាកិច្ចព្រមព្រៀងនេះ នឹងក្លាយជាឱកាសមួយ សម្រាប់ស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់” ។
អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតទំនាក់ទំនងការទូតរបស់ពួកគេនៅក្នុងកិច្ចព្រមព្រៀងមួយ ដែលបានព្រមព្រៀងគ្នាដោយសហរដ្ឋអាមេរិក។
នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែល បានយល់ព្រមផ្អាកការបញ្ចូលតំបន់វេសប៊ែង ដែលស្ថិតនៅក្នុងជម្លោះដែលមានអាយុកាលរាប់ទសវត្សជាមួយប្រទេសប៉ាឡេស្ទីន។ កិច្ចព្រមព្រៀងនេះក៏ធ្វើឱ្យអេមីរ៉ាតអារ៉ាប់រួម ក្លាយជាប្រទេសអារ៉ាប់ទី៣ ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បន្ទាប់ពីអេហ្ស៊ីប និងហ្សកដានី៕
ដោយ ឈូក បូរ៉ា