ព័ត៌មានអន្តរជាតិ

ថៃ រកឃើញអ្នកឆ្លងថ្មី មេរោគកូវីដ១៩ ចំនួន ១៧នាក់ ក្នុងចំណោមអ្នក ដែលកំពុងធ្វើចត្តាឡីស័ក

បរទេស៖ កាលពីម្សិលមិញ រដ្ឋាភិបាលថៃបានរាយការណ៍ពីករណីឆ្លងថ្មី មេរោគកូវីដ១៩ ចំនួន ១៧ ករណី ក្នុងចំណោមអ្នកកំពុងធ្វើចត្តាឡីស័ក ឬអ្នកដែលដាក់ ឱ្យនៅដាច់ដោយឡែក ដែលទើបត្រឡប់មកពីបរទេស ដែលជាហេតុធ្វើឱ្យមានការព្រួយបារម្ភ អំពីការឆ្លងរាលដាលរលកទីពីរក្នុងតំបន់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង ស្ថានភាព Covid-19 (CCSA) កាលពីម្សិលមិញបាននិយាយថា មនុស្ស ១៥ នាក់ក្នុងចំណោម ១៧ នាក់ ដែលរកឃើញវិជ្ជមានវីរុស គឺជាជនជាតិថៃ ដែលមានអាយុពី ១២ ទៅ ៧២ ឆ្នាំ ដែលបានមកដល់ប្រទេសឥណ្ឌាពីថ្ងៃអាទិត្យ។ ចំណែក ២ នាក់ទៀតជាបុរសជនជាតិថៃ ដែលត្រឡប់មកពីសហរដ្ឋអាមេរិក និង ប្រទេសអូស្ត្រាលី។

អ្នកទាំង ១៧ នាក់បានធ្វើតេស្តិ៍វិជ្ជមានចំពោះជំងឺនេះ ដោយគ្មាននរណាម្នាក់ លេចចេញរោគសញ្ញា ។ អ្នកដែលត្រឡប់មកពីបរទេសទាំងនោះ គឺត្រូវបានគេបញ្ជូនទៅដាក់ឱ្យនៅ ដាច់ដោយឡែក នៅក្នុងខេត្តឈុនបូរី បន្ទាប់ពីពួកគេបានមកដល់។

លោកវេជ្ជបណ្ឌិត Thira Woratanarat អ្នកជំនាញផ្នែកថ្នាំបង្ការ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យជូឡាឡុងកន បាននិយាយកាលពីម្សិលមិញថា តួលេខនេះបង្ហាញពីចំនួននៃការឆ្លងខ្ពស់បំផុត ក្នុងចំនោមអ្នកដែលត្រឡប់ មកពីក្រៅប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top