បរទេស៖ ប្រធានវិទ្យាស្ថានវ៉ាក់សាំង ជាតិរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃសុក្រថា ប្រទេសថៃនឹងពិនិត្យមើលយ៉ាង យកចិត្តទុកដាក់ ទៅលើវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណារបស់រុស្ស៊ី មុនពេលសម្រេចចិត្តថា តើគួរណែនាំវាសម្រាប់ការប្រើប្រាស់ ក្នុងតំបន់ឬយ៉ាងណា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាសែត Khao Sod បានដកស្រង់សម្តីរបស់លោក Nakorn Premsri ដែលនិយាយថា “ យើងកំពុងផ្តោតលើវា (វ៉ាក់សាំងដែលរុស្ស៊ីរកឃើញ)” ។
មន្ត្រីដដែលបានបន្ថែមថា ក្រុមអ្នកស្រាវជ្រាវវ៉ាក់សាំងថៃ មានការព្រួយបារម្ភថា វ៉ាក់សាំងរុស្ស៊ីឈ្មោះ Sputnik V មិនទាន់មានការសាកល្បងគ្លីនិកទាំងអស់បានច្បាស់លាស់ មុនពេលវាត្រូវបានអនុម័តដោយអាជ្ញាធរនិងទទួលការ យល់ព្រមពីប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
លោកថា ព័ត៌មានបន្ថែមទៀត គឺវាចាំបាច់សម្រាប់វិទ្យាស្ថាន ដើម្បីផ្តល់ជាអនុសាសន៍ថា តើរដ្ឋាភិបាលគួរតែទិញថ្នាំនេះឬអត់។ រហូតមកដល់ពេលនេះ ទិន្នន័យទាំងអស់ គឺបានមកពីប្រព័ន្ធផ្សព្វផ្សាយទៅវិញ។
សូមជម្រាបថា ប្រទេសថៃត្រូវបានគេរាយការណ៍ថា ជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន៥ ដែលកំពុងស្រាវជ្រាវរកវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូវីដ១៩ ហើយថាំពទ្យទំនើបបំផុតគឺវ៉ាក់សាំង RNA messenger នឹងត្រូវធ្វើតេស្តលើមនុស្សនៅខែតុលា៕
ប្រែសម្រួលៈ ណៃ តុលា