បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការដាក់វិធានការ គម្លាតទំនាក់ទំនងសង្គមជាថ្មីម្តងទៀត ដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩ បន្ទាប់ពីករណីកូវីដក្នុងប្រទេស មានការកើនឡើងខ្លាំង នៅទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ។
មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺរបស់កូរ៉េ បានរាយការណ៍ ពីករណីឆ្លងជម្ងឺកូវីដថ្មី ចំនួន១៦៦ករណី ដែលរួមមានករណី ក្នុងស្រុកថ្មីចំនួន១៥៥ករណី និងករណីឆ្លងមកពីក្រៅប្រទេសថ្មី ចំនួន១១ករណី ហើយនេះ គឺជាចំនួនកើនឡើងខ្ពស់ ក្នុងរយៈពេល៥ខែ។ ករណីជម្ងឹកូវីដថ្មីទាំងនោះ ភាគច្រើន គឺនៅក្នុងទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Chung Sye-kyun បាននិយាយក្នុងសុន្ទរកថា ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃសៅរ៍ថា “ការឆ្លងរាលដាល នៃមេរោគកូរ៉ូណា គឺធ្ងន់ធ្ងរណាស់ សម្រាប់ទីក្រុងសេអ៊ូល និងខេត្ត Gyeonggi ករណីដែលបញ្ជាក់រួច បានកើនឡើងស្ទើរតែពីរដង ក្នុងពេលមួយថ្ងៃ ហើយអាទិភាពរបស់យើង គឺបញ្ឈប់ឲ្យបានឆាប់រហ័ស នូវមេរោគមិនឲ្យឆ្លងរាលដាលបន្ថែមទៀត នៅក្នុងតំបន់ទីក្រុង”៕ ប្រែសម្រួល៖ប៉ាង កុង