ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ៖ សហភាពអារ៉ាប់រួម បង្កើតកំហុសដ៏ធំ ចំពោះកិច្ចព្រមព្រៀង អ៊ីស្រាអែល

បរទេស ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បាននិយាយក្នុង សុន្ទរកថាមួយ ថ្កោលទោសចំពោះអ្វីដែលលោកហៅថា ជាការបោកប្រាស់ របស់រដ្ឋឈូងសមុទ្រថា សហភាពអារ៉ាប់រួម នាពេលថ្មីៗនេះ បានបង្កើតកំហុសឆ្គងដ៏ធំ ក្នុងការធ្វើកិច្ចព្រមព្រៀង មួយធ្វើឲ្យមានចំណងមិត្តភាព ប្រក្រតីវិញជាមួយប្រទេស អ៊ីស្រាអែល។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយកាសែត Us News នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោក រ៉ូហានី បាននិយាយដោយមិន ផ្តល់សេចក្តីលម្អិតយ៉ាងដូច្នេះថា “ពួកគេ (សហភាពអារ៉ាប់រួម) គួរតែមានការប្រុងប្រយ័ត្ន ។ ពួកគេទើបបានធ្វើការ កំហុសឆ្គងដ៏ធំមួយ ជាទង្វើក្បត់ ហើយយើងសង្ឃឹមថា ពួកគេនឹងដឹងរឿងនេះ ព្រមទាំងបោះបង់ចោលផ្លូវខុសមួយនេះ”។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជួយសម្របសម្រួល បានប្រកាសនៅថ្ងៃព្រហស្បតិ៍នោះ គឺត្រូវបានគេមើលឃើញថា មានបំណងជំរុញបង្កើនការ ប្រឆាំងមហាអំណាចក្នុងតំបន់ គឺប្រទេសអ៊ីរ៉ង់៕
ប្រែសម្រួល៖ប៉ាង កុង

To Top