បរទេស ៖ ក្រសួងការបរទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍ សប្ដាហ៍នេះថា ប្រទេសបារាំង ទើបបានស្នើ មិនឲ្យរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដាក់បញ្ចូលសកម្មប្រយុទ្ធតាលីបង់ ដែលជាប់ចោទពីបទសម្លាប់ពលរដ្ឋបារាំង ក្នុងកិច្ចព្រមព្រៀង ដោះលែងអ្នកទោស ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានយល់ព្រមដោះលែងអ្នកទោសចំនួន៤០០នាក់ ជាផ្នែកនៃសកម្មភាពឆ្ពោះទៅរកកិច្ចពិភាក្សាសន្តិភាព ជាមួយពួកសកម្មប្រយុទ្ធតាលីបង់ ហើយមន្ត្រីមួយរូប បាននិយាយនៅថ្ងៃសុក្រថា ក្នុងចំណោមអ្នកទោសទាំងនោះ អ្នកទោស៨០នាក់ ត្រូវបានដោះលែងហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបារាំង បាននិយាយដូច្នេះថា “ប្រទេសបារាំង មានក្តីព្រួយបារម្ភ ជាពិសេស ចំពោះវត្តមានរបស់ភេរវករមួយ ចំនួនជាប់ចោទពីបទសម្លាប់ ពលរដ្ឋបារាំង នៅក្នុងចំណោមបុគ្គល ដែលត្រូវដោះលែង”៕
ប្រែសម្រួល៖ប៉ាង កុង