បរទេស៖ មេដឹកនាំខាងរាជានិយមរបស់ថៃ បានដាក់ញត្តិទៅប៉ូលិស ដើម្បីសុំឱ្យតុលាការព្រហ្មទណ្ឌ ដកការផ្តល់ប្រាក់ធានា ដែលបានផ្តល់មុននេះ ដល់មេដឹកនាំបាតុករចំនួន ៣ នាក់ ដែលបានចូលរួមបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ដោយផ្អែកលើហេតុផល ដែលពួកគេទាំង៣នាក់ បានរំលោភលើលក្ខខណ្ឌដែលបានកំណត់ សម្រាប់ការដោះលែង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកប្រមាណ ៣០ នាក់ នៃមជ្ឈមណ្ឌលសម្របសម្រួល សម្រាប់និស្សិតវិជ្ជាជីវៈ និងប្រជាជនការពារស្ថាប័ននេះ នៅថ្ងៃច័ន្ទបានដាក់លិខិតមួយ ផ្ញើទៅអគ្គស្នងការប៉ូលិសជាតិ លោកឧត្តមសេនីយ៍ឯក Chakthip Chaijinda។
ពួកគេបានស្នើសុំឱ្យប៉ូលីស Samran Rat ស្នើសុំឱ្យតុលាការ មិនត្រូវអនុញ្ញាតឱ្យដាក់ប្រាក់ធានា សម្រាប់លោក Parit Chiwarak, Panupong Chadnok និង លោក Arnon Nampa ។
ពួកគេបាននិយាយថា សកម្មជនទាំង ៣ នាក់បានរំលោភលើលក្ខខណ្ឌ ដែលតុលាការបាន ដាក់ឲ្យ នៅក្រៅឃុំរបស់ពួកគេ ដោយចូលរួមបាតុកម្មនយោបាយ នៅវិមានប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យ។
សូមជម្រាបថា ពួកគេទាំង ៣ នាក់ត្រូវបានតុលាការដោះលែង ឲ្យ នៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីប៉ូលិស បានដាក់ការចោទប្រកាន់ជាច្រើន ដែលរួមទាំងការញុះញង់ ឱ្យមានចលាចលនិងការញុះញង់ ពីបទដឹកនាំបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលនៅថ្ងៃទី ១៨ ខែកក្កដា៕ ប្រែសម្រួលៈ ណៃ តុលា