បរទេស៖ ប្រទេសប៉ូឡូញ និងសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដែលនឹងបង្កើនចំនួន កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសប៉ូឡូញ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសប៉ូឡូញ លោក Mariusz Błaszczak បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ នៅក្នុងប្រទេសប៉ូឡូញ។
កិច្ចព្រមព្រៀងនេះ ត្រួសត្រាយផ្លូវ សម្រាប់ការបញ្ជូនកងទ័ពអាមេរិក ពីប្រទេសអាល្លឺម៉ង់ទៅកាន់ប៉ូឡូញ និងអនុញ្ញាត ឲ្យកងកម្លាំងអាមេរិក ចូលទៅក្នុងបន្ទាយយោធាប៉ូឡូញបន្ថែមទៀត ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពនិងទីតាំង ដែលមានស្រាប់។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺមានភាពស្រដៀងគ្នា នឹងកិច្ចព្រមព្រៀង មានស្រាប់រវាងសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តណាតូផ្សេងទៀត ដែលរួមមានទាំងប្រទេសប៊ែលហ្ស៊ិក ហុងគ្រី និងប្រទេសរ៉ម៉ានី៕ ប្រែសម្រួល៖ប៉ាង កុង